សុភាសិត 10:12-18 KHSV

12 ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។

13 គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។

14 អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។

15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។

16 មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។

17 អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។

18 អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ។