សុភាសិត 10:19-25 KHSV

19 និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សម្ដី​ជា​អ្នក​មាន​ប្រាជ្ញា។

20 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។

21 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងី‌ល្ងើ​តែងតែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។

22 មាន​តែ​ព្រះ‌ពរ​មក​ពី​ព្រះ‌អម្ចាស់​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចម្រុង‌ចម្រើន ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។

23 មនុស្ស​ល្ងី‌ល្ងើ ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទុក​ដូច​ជា​ល្បែង​កំសាន្ត រីឯ​មនុស្ស​មាន​ប្រាជ្ញា​រមែង​ចូល​ចិត្ត​ស្វែង​រក​ការ​ចេះ​ដឹង​វិញ។

24 មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះ‌ជាម្ចាស់​រមែង​ប្រទាន​ឲ្យ។

25 ពេល​ព្យុះ​សង្ឃរា​មក​ដល់ មនុស្ស​ពាល​ត្រូវ​វិនាស តែ​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។