21 ពាក្យសម្ដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រយោជន៍ឲ្យមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។
22 មានតែព្រះពរមកពីព្រះអម្ចាស់ទេ ដែលធ្វើឲ្យមនុស្សចម្រុងចម្រើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
23 មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកំសាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។
24 មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានឲ្យ។
25 ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26 ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកំជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។
27 មនុស្សគោរពកោតខ្លាចព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។