19 ពាក្យពិតនៅមានតម្លៃរហូត រីឯពាក្យភូតភរស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
20 អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។
21 គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។
22 ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សដែលកាន់ពាក្យសច្ចៈ។
23 មនុស្សឆ្លាតមិនលាតត្រដាងចំណេះខ្លួនទេ រីឯមនុស្សខ្លៅចូលចិត្តអួតអាងអំពីអវិជ្ជារបស់ខ្លួន។
24 មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។
25 ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់កម្លាំងចិត្ត រីឯពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។