សុភាសិត 13:3-9 KHSV

3 អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សម្ដី អ្នក​នោះ​ការពារ​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ​រមែង​នាំ​ឲ្យ​ខ្លួន​ឯង​វិនាស។

4 សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សម្រេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។

5 មនុស្ស​សុចរិត​តែងតែ​ស្អប់​ពាក្យ​កុហក រីឯ​មនុស្ស​អាក្រក់​តែងតែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។

6 សេចក្ដី​សុចរិត​តែងតែ​ការ‌ពារ​មនុស្ស​ទៀង‌ត្រង់ រីឯ​អំពើ​បាប​បណ្ដាល​ឲ្យ​មនុស្ស​អាក្រក់​វិនាស។

7 អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្ដុក‌ស្ដម្ភ។

8 អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ គ្មាន​នរណា​គំរាម‌កំហែង​គេ​ឡើយ។

9 មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។