សុភាសិត 13:6-12 KHSV

6 សេចក្ដី​សុចរិត​តែងតែ​ការ‌ពារ​មនុស្ស​ទៀង‌ត្រង់ រីឯ​អំពើ​បាប​បណ្ដាល​ឲ្យ​មនុស្ស​អាក្រក់​វិនាស។

7 អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្ដុក‌ស្ដម្ភ។

8 អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ គ្មាន​នរណា​គំរាម‌កំហែង​គេ​ឡើយ។

9 មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។

10 ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។

11 ទ្រព្យ​រក​បាន​រហ័ស បាត់‌បង់​ក៏​រហ័ស​ដែរ រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។

12 ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។