5 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សវាយឫកខ្ពស់ទេ ព្រះអង្គពិតជាដាក់ទោសគេមិនខាន។
6 ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់រមែងចៀសផុតពីអំពើបាប។
7 កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
8 រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
9 មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។
10 ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលំអៀង។
11 ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។