សុភាសិត 19:11-17 KHSV

11 មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។

12 សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។

13 កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។

14 ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះ‌អម្ចាស់។

15 ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោក‌ងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។

16 អ្នក​ប្រតិបត្តិ​តាម​ដំបូន្មាន​រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេស‌ប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។

17 អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។