សុភាសិត 24:22-28 KHSV

22 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។

23 អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា: ពេល​កាត់​ក្ដី​មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។

24 បើ​ចៅ‌ក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋ‌ជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជា‌ជន​នឹង​ដាក់​បណ្ដាសា​ចៅ‌ក្រម​នោះ ហើយ​ប្រជា‌ជាតិ​នានា​ក៏​ស្អប់​ចៅ‌ក្រម​នោះ​ដែរ។

25 ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភមង្គល។

26 ចម្លើយ​ស្មោះ​ត្រង់​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។

27 ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការ‌ងារ​នៅ​ឯ​ស្រែ​ចម្ការ​សិន រួច​សឹម​សង់​ផ្ទះ។

28 កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុ​ផល ហើយ​ក៏​កុំ​និយាយ​កុហក បោក​បញ្ឆោត​គេ​ដែរ។