8 មនុស្សវង្វេងឆ្ងាយពីស្រុកកំណើត ប្រៀបដូចជាសត្វចាបហើរវង្វេងសំបុក។
9 ប្រេងក្រអូប និងទឹកអប់ រមែងធ្វើឲ្យចិត្តរីករាយ រីឯយោបល់របស់មិត្តសម្លាញ់ដ៏ស្លូតបូតរឹងរឹតតែប្រសើរលើសនេះទៅទៀត។
10 កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។
11 កូនអើយ ចូរមានប្រាជ្ញាឡើង នោះឪពុកនឹងសប្បាយចិត្ត ហើយបើមាននរណាដៀលឪពុក នោះឪពុកអាចនឹងឆ្លើយវិញបាន។
12 កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
13 បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
14 បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។