សុភាសិត 28:11-17 KHSV

11 អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

12 កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

13 អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។

14 អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។

15 មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។

16 អ្នក​ដឹក​នាំ​ស្រុក​ដែល​គ្មាន​ប្រាជ្ញា តែងតែ​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​អ្នក​មិន​ចូល​ចិត្ត​នឹង​ទ្រព្យ​ដែល​រក​បាន​ដោយ​អយុត្តិធម៌ មុខ​ជា​មាន​អាយុ​វែង។

17 អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។