សុភាសិត 28:9-15 KHSV

9 អ្នក​ណា​មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ សូម្បី​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែរ។

10 អ្នក​ណា​នាំ​មនុស្ស​ទៀង‌ត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។

11 អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

12 កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

13 អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។

14 អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។

15 មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។