សុភាសិត 29:10-16 KHSV

10 ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។

11 មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​កំហឹង។

12 កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។

13 អ្នក​ទុគ៌ត និង​អ្នក​ជិះ‌ជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។

14 ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ត្រ​ក្រីក្រ ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។

15 ការ​វាយ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។

16 កាល​ណា​មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។