អេម៉ុស 7 KHSV

និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ការ​វិនាស​របស់​អ៊ីស្រា‌អែល

1 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: កាល​ណា​គេ​កាត់​ស្មៅ​យក​ទៅ​ថ្វាយ​ស្ដេច​រួច​ហើយ ពេល​ស្មៅ​ចាប់​ផ្ដើម​លូត​ឡើង​សា​ជា​ថ្មី ស្រាប់​តែ​មាន​កណ្ដូប​មួយ​ហ្វូង​ហើរ​មក។

2 កណ្ដូប​ទាំង​នោះ​ស៊ី​ស្មៅ​អស់​ពី​ស្រុក។ ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង នគរ​អ៊ីស្រា‌អែល​តូច​ណាស់ ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។

3 ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។

4 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: ព្រះ‌អង្គ​បាន​ប្រើ​ភ្លើង​ដើម្បី​វិនិច្ឆ័យ​ទោស។ ភ្លើង​នោះ​ធ្វើ​ឲ្យ​ទឹក​នៅ​ទី​ជម្រៅ​រីង​ស្ងួត ព្រម​ទាំង​ធ្វើ​ឲ្យ​ស្រុក​អ៊ីស្រា‌អែល​ហួត‌ហែង។

5 ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ឈប់​ធ្វើ​ដូច្នេះ​ទៅ នគរ​អ៊ីស្រា‌អែល​តូច​ណាស់​ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។

6 ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។

7 ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: គឺ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ឈរ​នៅ​លើ​ជញ្ជាំង​មួយ​ស្មើ ព្រះ‌អង្គ​កាន់​ខ្សែ​កូន​តឹង​មួយ។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ទូល​ថា «ទូលបង្គំ​ឃើញ​ខ្សែ​កូន​តឹង»។ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​យក​ខ្សែ​កូន​តឹង​មក​ស្ទង់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​យើង​លែង​អធ្យាស្រ័យ​ឲ្យ​ពួក​គេ​ទៀត​ហើយ។

9 កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​ពួក​គេនឹង​ត្រូវ​ខ្ទេច‌ខ្ទីហើយ​កន្លែង​ដ៏​សក្ការៈ​ផ្សេងៗ​របស់​អ៊ីស្រា‌អែលក៏​នឹង​ត្រូវ​វិនាស​ដែរ។យើង​នឹង​ប្រហារ​ក្រុម​គ្រួសាររបស់​ស្ដេច​យេរ៉ូ‌បោម ដោយ​មុខ​ដាវ»។

លោក​អេម៉ុស​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី‌សក្ការៈ​បេត‌អែល

10 ពេល​នោះ លោក​អម៉ា‌ស៊ា ជា​បូជា‌ចារ្យ​នៅ​បេត‌អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «លោក​អេម៉ុស​កំពុង​ញុះ‌ញង់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ករុណា។ ស្រុក​យើង​មិន​អាច​ស៊ូ‌ទ្រាំ​នឹង​ពាក្យ​ឃោស‌នា​របស់​គាត់ ត​ទៅ​មុខ​ទៀត​បាន​ឡើយ

11 ដ្បិត​គាត់​ពោល​ថា “ព្រះ‌បាទ​យេរ៉ូ‌បោម​នឹង​ត្រូវ​សុគត ដោយ​មុខ​ដាវ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន”»។

12 លោក​អម៉ា‌ស៊ា​ពោល​មក​កាន់​ព្យាការី​អេម៉ុស​ថា៖ «នែ៎! គ្រូ​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។

13 កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទី‌សក្ការៈ​របស់​ស្ដេច និង​ជា​វិហារ​ហ្លួង»។

14 ព្យាការី​អេម៉ុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្យាការី* ឬ​ជា​សមាជិក​នៃ​ក្រុម​ព្យាការី​ទេ គឺ​ខ្ញុំ​ជា​អ្នក​ឃ្វាល​គោ និង​ជា​អ្នក​ចម្ការ។

15 ប៉ុន្តែ ព្រះ‌អម្ចាស់​យក​ខ្ញុំ​ពី​ក្រោយ​ហ្វូង​គោ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “ទៅ! ចូរ​នាំ​ពាក្យ​យើង​ទៅ​ថ្លែង​ប្រាប់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើងក្នុង​នាម​យើង”។

16 រីឯ​លោក​វិញ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​មិន​ឲ្យ​ខ្ញុំ​ស្ដី​បន្ទោស​ពូជ‌ពង្ស​លោក​អ៊ីសាក។ សូម​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ:

17 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: ប្រពន្ធ​របស់​លោក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​លោក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​លោក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

ជំពូក

1 2 3 4 5 6 7 8 9