1 ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ:ខ្ញុំឃើញកំប្រោងមួយមានពេញដោយផ្លែឈើទុំ។
2 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«អេម៉ុសអើយ តើអ្នកឃើញអ្វី?»ខ្ញុំទូលព្រះអង្គថា៖ «ទូលបង្គំឃើញកំប្រោងមួយ មានពេញដោយផ្លែឈើទុំ» ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចុងបញ្ចប់របស់អ៊ីស្រាអែលជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយយើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
3 នៅថ្ងៃនោះ សម្រែកថ្ងូរនឹងមកជំនួសចម្រៀងសប្បាយនៅក្នុងវិហារហ្លួង។មានសាកសពពាសពេញហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
4 អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រហើយធ្វើឲ្យជនទុគ៌តត្រូវវិនាសចូរស្ដាប់ពាក្យខ្ញុំ!
5 អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មីនិងថ្ងៃសប្ប័ទ*ឆាប់ចប់ដើម្បីបើកជង្រុកលក់ស្រូវដោយយកតៅតូចជាងធម្មតាមកវាល់ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
6 អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌តយកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។
7 ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ដោយយកទឹកដី ដែលជាមោទនភាពរបស់ជនជាតិអ៊ីស្រាអែលធ្វើជាសាក្សីថា:យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយដែលពួកគេបានប្រព្រឹត្តនោះឡើយ។
8 ហេតុនេះហើយបានជាមានរញ្ជួយផែនដីអ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើងរួចស្រកទៅវិញដែរ។
9 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិចនៅពេលថ្ងៃត្រង់ហើយឲ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
10 យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយរបស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នាក្លាយទៅជាបទទំនួញ។យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខព្រមទាំងកោរសក់ផង។យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខដូចគេកាន់ទុក្ខកូនតែមួយទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
11 ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យការអត់ឃ្លានកើតនៅក្នុងស្រុកតែមិនមែនការអត់ឃ្លានខាងអាហារឬការស្រេកទឹកនោះទេផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 ពួកគេនឹងដើរចុះឡើងពីសមុទ្រមួយទៅសមុទ្រមួយត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើតដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់តែរកមិនឃើញឡើយ។
13 នៅថ្ងៃនោះ ស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗនឹងអស់កម្លាំងដួល ដោយស្រេកទឹក។
14 អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយនៅក្រុងសាម៉ារីថា:“ខ្ញុំសូមស្បថ ដោយយកព្រះជន្មរបស់ព្រះនៅក្រុងដាន់ជាសាក្សី”“ខ្ញុំសូមស្បថ ដោយយកព្រះនៅបៀរសេបាជាសាក្សី”អ្នកនោះមុខជាដួលស្លាប់ក្រោកឡើងវិញមិនរួចឡើយ។»