11 គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជា នៅថ្ងៃនោះ។
12 ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះជាម្ចាស់វិលត្រឡប់ពីស្រុកយូដាទៅវិញ។
13 ពេលនោះ ឪពុកបង្គាប់ឲ្យកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។
14 គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
15 គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។
16 លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ
17 ដ្បិតព្រះអម្ចាស់បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។