១ ពង្សា‌វតារ‌ក្សត្រ 13:12-18 KHSV

12 ឪពុក​សួរ​កូន​ថា៖ «តើ​លោក​ចាក​ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​ឪពុក​ពី​ផ្លូវ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិល​ត្រឡប់​ពី​ស្រុក​យូដា​ទៅ​វិញ។

13 ពេល​នោះ ឪពុក​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។

14 គាត់​ចេញ​ទៅ​តាម​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

15 គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​ខ្ញុំ​សិន»។

16 លោក​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ

17 ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។

18 ព្យាការី​ចាស់​ពោល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «ខ្ញុំ​ក៏​ជា​ព្យាការី​ដែរ មាន​ទេវតា​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត គាត់​និយាយ​កុហក​ទេ។