១ ពង្សា‌វតារ‌ក្សត្រ 13:18-24 KHSV

18 ព្យាការី​ចាស់​ពោល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «ខ្ញុំ​ក៏​ជា​ព្យាការី​ដែរ មាន​ទេវតា​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត គាត់​និយាយ​កុហក​ទេ។

19 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក៏​ត្រឡប់​ទៅ​ជា​មួយ​គាត់ ហើយ​បរិភោគ​អាហារ និង​ទឹក នៅ​ផ្ទះ​របស់​គាត់​ផង។

20 នៅ​ពេល​ដែល​លោក​ទាំង​ពីរ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​ដែល​បាន​នាំ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​វិញ។

21 គាត់​ពោល​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​មិន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​មិន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ

22 គឺ​អ្នក​វិល​មក​វិញ បរិភោគ​អាហារ និង​ទឹក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ហាម‌ប្រាម ដូច្នេះ សព​របស់​អ្នក​នឹង​មិន​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូនតា​អ្នក​ឡើយ»។

23 ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ព្យាការី​ចាស់​ចង​កែប​លា​ជូន​ព្យាការី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។

24 លោក​ក៏​ចាក​ចេញ​ទៅ ហើយ​នៅ​តាម​ផ្លូវ លោក​បាន​ជួប​នឹង​សិង្ហ​មួយ វា​សម្លាប់​លោក ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សិង្ហ ឈរ​នៅ​ជិត​សាក‌សព។