41 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ជាបុត្ររបស់ព្រះបាទអេសា បានឡើងសោយរាជ្យនៅស្រុកយូដា។
42 កាលព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យនោះ ទ្រង់មានជន្មាយុសាមសិបប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
43 ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយមិនងាករេឡើយ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប៉ុន្តែ ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
44 ព្រះបាទយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាពជាមួយស្ដេចស្រុកអ៊ីស្រាអែល។
45 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត គឺវីរភាពដ៏អង់អាចក្នុងកិច្ចការដែលស្ដេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
46 ស្ដេចបានកំចាត់ប្រុសៗទាំងប៉ុន្មានដែលប្រព្រឹត្តអំពើពេស្យាចារ្យសក្ការៈ គឺពួកដែលនៅសេសសល់ពីជំនាន់ព្រះបាទអេសា ជាបិតា។
47 គ្រានោះ នៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។