១ ពង្សា‌វតារ‌ក្សត្រ 22:43-49 KHSV

43 ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា ជា​បិតា ដោយ​មិន​ងាក‌រេ​ឡើយ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ប៉ុន្តែ ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។

44 ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

45 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត គឺ​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​កិច្ចការ​ដែល​ស្ដេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

46 ស្ដេច​បាន​កំចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ្យ​សក្ការៈ គឺ​ពួក​ដែល​នៅ​សេស‌សល់​ពី​ជំនាន់​ព្រះ‌បាទ​អេសា ជា​បិតា។

47 គ្រា​នោះ នៅ​ស្រុក​អេដុម គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្ដេច​យូដា​តែង‌តាំង។

48 ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ឲ្យ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គម្រោង‌ការ​នេះ​ពុំ​បាន​សម្រេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ាន-‌គេប៊ើរ។

49 ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «សូម​ឲ្យ​រាជ‌បម្រើ​របស់​ទូលបង្គំ ចុះ​សំពៅ​ទៅ​ជា​មួយ​រាជ‌បម្រើ​របស់​ព្រះ‌ករុណា​ផង!»។ ប៉ុន្តែ ព្រះ‌បាទ​យ៉ូសា‌ផាត​ពុំ​យល់​ព្រម​ឡើយ។