១ ពង្សា‌វតារ‌ក្សត្រ 22:49-53 KHSV

49 ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «សូម​ឲ្យ​រាជ‌បម្រើ​របស់​ទូលបង្គំ ចុះ​សំពៅ​ទៅ​ជា​មួយ​រាជ‌បម្រើ​របស់​ព្រះ‌ករុណា​ផង!»។ ប៉ុន្តែ ព្រះ‌បាទ​យ៉ូសា‌ផាត​ពុំ​យល់​ព្រម​ឡើយ។

50 កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

51 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សា‌ម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រា‌អែល។

52 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា ព្រម​ទាំង​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប។

53 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​គោរព​ថ្វាយ‌បង្គំ​ព្រះ​បាល ដូច​បិតា​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។