9 ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
10 ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកព្យាការីកំពុងនាំគ្នាទាយថ្វាយព្រះរាជាទាំងពីរអង្គ។
11 លោកសេដេគា ជាកូនរបស់លោកក្នាណា បានធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
12 ព្យាការីទាំងអស់ក៏ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ»។
13 មហាតលិកដែលស្ដេចចាត់ឲ្យទៅហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។
14 លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
15 លោកចូលទៅគាល់ព្រះរាជា ហើយស្ដេចមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។