5 ព្រះរាជាឲ្យគេសង់បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងព្រះដំណាក់ ពោលគឺព្រះវិហារ និងទីសក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំវិញព្រះដំណាក់។
6 ជាន់ខាងក្រោមមានទទឹងប្រាំហត្ថ ជាន់កណ្ដាលមានទទឹងប្រាំមួយហត្ថ និងជាន់ខាងលើមានទទឹងប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះដំណាក់ ពីក្រោមទៅលើ មានកំរាស់មិនស្មើគ្នាទេ ធ្វើដូច្នេះ ចៀសវាងចោះជញ្ជាំងព្រះដំណាក់ សម្រាប់ដាក់ឈើធ្នឹម។
7 គេសង់ព្រះដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងព្រះដំណាក់ទេ។
8 ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្ដាំនៃព្រះដំណាក់ ហើយមានជណ្ដើរមួយសម្រាប់ឡើងទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់ខាងលើ។
9 ក្រោយពីសង់ព្រះដំណាក់រួចហើយ ស្ដេចសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។
10 ស្ដេចក៏បានសង់បន្ទប់អមនៅជុំវិញព្រះដំណាក់ដែរ បន្ទប់ទាំងនោះមានកំពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងព្រះដំណាក់ដោយឈើតាត្រៅ។
11 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖