11 គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។
12 នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។
13 ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។
14 គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាមជាជាងលង្ហិនមួយរូបដ៏ចំណាន ដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្ដេច។
15 លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កំពស់ដប់ប្រាំបីហត្ថ ហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។
16 គាត់ធ្វើក្បាលសសរលង្ហិនពីរ ជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកំពស់ប្រាំហត្ថ។
17 គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និងច្រវាក់ តុបតែងលំអក្បាលសសរ។ ក្បាលសសរនីមួយៗមានកំរងច្រវាក់ប្រាំពីរខ្សែ។