១ ពង្សា‌វតារ‌ក្សត្រ 7:5-11 KHSV

5 មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​ទល់​មុខ​គ្នា។

6 ស្ដេច​សង់​បន្ទប់​ល្វែង​មួយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​សាម‌សិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។

7 ព្រះ‌រាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្ដី មាន​ឈ្មោះ​ថា «ទី‌នាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ​ពី​ក្រោម​រហូត​ដល់​លើ។

8 រីឯ​ដំណាក់​សម្រាប់​ស្ដេច​គង់​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទីធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះ‌បាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សម្រាប់​ព្រះ‌មហេសី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។

9 ដំណាក់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​អំពី​ថ្ម​សំរាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​អារ​តំរឹម​តាម​មុខ​ជ្រុង​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ គេ​សង់​ដំណាក់​ទាំង​នោះ​ពី​ថ្ម​ទាំង​អស់ តាំង​ពី​គ្រឹះ​រហូត​ដល់​ដំបូល ហើយ​ផ្នែក​ខាង​ក្រៅ​រហូត​ដល់​ទីធ្លា​ធំ​ផង។

10 គេ​រើស​សុទ្ធ​តែ​ថ្ម​ដ៏​ល្អ​ប្រណីត និង​ផ្ទាំង​ធំៗ យក​មក​ធ្វើ​ជា​គ្រឹះ ថ្ម​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​ប្រាំ​បី ឬ​ដប់​ហត្ថ។

11 គេ​យក​ថ្ម​សំរាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​ឈើ​តាត្រៅ​មក​សង់​ពី​លើ​គ្រឹះ​នោះ។