១ ពង្សា‌វតារ‌ក្សត្រ 8:16-22 KHSV

16 គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សម្រាប់​សម្តែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើស‌រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។

17 ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

18 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់

19 តែ​មិន​មែន​អ្នក​ទេ ដែល​នឹង​សង់​ព្រះ‌ដំណាក់​នោះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ព្រះ‌ដំណាក់​សម្រាប់​យើង”។

20 ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ក៏​បាន​សង់​ព្រះ‌ដំណាក់​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

21 ខ្ញុំ​បាន​រៀបចំ​កន្លែង​មួយ សម្រាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​យើង នៅ​ពេល​ព្រះ‌អង្គ​នាំ​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីប»។

22 ព្រះ‌បាទ​សាឡូម៉ូន​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ទ្រង់​លើក​ព្រះ‌ហស្ដ​ទៅ​លើ​មេឃ ហើយ​ទូល​ថា៖