22 ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះហស្ដទៅលើមេឃ ហើយទូលថា៖
23 «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គ ដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។
24 ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។
25 បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅចំពោះមុខយើងជានិច្ច។
26 បពិត្រព្រះនៃជនជាតិអ៊ីស្រាអែល ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ!
27 តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទំរាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។
28 បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្ដាប់សម្រែក និងពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង!