39 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។
40 ធ្វើដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះអង្គរហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដី ដែលព្រះអង្គប្រទានឲ្យដូនតារបស់យើងខ្ញុំ។
41 ម្យ៉ាងទៀត ប្រសិនបើជនបរទេស ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ប្រជារាស្ត្ររបស់ព្រះអង្គ មកពីស្រុកឆ្ងាយ ដោយសារព្រះនាមរបស់ព្រះអង្គ
42 (ដ្បិតព្រះនាមដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ នឹងល្បីខ្ចរខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា) ប្រសិនបើជនបរទេសនោះមកអង្វរព្រះអង្គ ក្នុងព្រះដំណាក់នេះ
43 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
44 កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអម្ចាស់ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ
45 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។