43 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
44 កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអម្ចាស់ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ
45 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។
46 កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ (ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ) ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុករបស់ខ្លួន ទោះឆ្ងាយ ឬជិតក្ដី
47 ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
48 នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ
49 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរំដោះពួកគេផង។