១ ពង្សា‌វតារ‌ក្សត្រ 8:52-58 KHSV

52 សូម​ព្រះ‌អង្គ​ទត​មើល​មក​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ​គ្រប់​ពេល ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌អង្គ។

53 ព្រះ‌អង្គ​បាន​ញែក​យើង​ខ្ញុំ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ នៅ​លើ​ផែនដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ព្រះ‌អង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​ពេល​ដែល​ព្រះ‌អង្គ​នាំ​ដូនតា​របស់​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។

54 ពេល​ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌អម្ចាស់ នូវ​ពាក្យ​អធិស្ឋាន និង​អង្វរ​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​ស្ដេច​បាន​លុត​ជង្គង់​នោះ។ ស្ដេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ

55 ហើយ​ប្រទាន​ពរ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖

56 «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​ប្រោស​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​សុខ‌សាន្ត ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​ដ៏​ថ្លៃ‌ថ្លា ដែល​ព្រះ‌អង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។

57 សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង គង់​នៅ​ជា​មួយ​ពួក​យើង ដូច​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​បុព្វបុរស​របស់​ពួក​យើង​ដែរ! សូម​ព្រះ‌អង្គ​កុំ​បោះ‌បង់ និង​បំភ្លេច​ពួក​យើង​ចោល​ឡើយ។

58 សូម​ព្រះ‌អង្គ​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ព្រះ‌អង្គ ដើម្បី​ឲ្យ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បុព្វបុរស​របស់​ពួក​យើង។