១ របាក្សត្រ 11:10-16 KHSV

10 នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម‌ជ្រែង​ឲ្យ​ស្ដេច​ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្ដេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល។

11 ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ:លោក​យ៉ាសុ‌បៀម​ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់ ក្នុង​ពេល​តែ​មួយ។

12 បន្ទាប់​មក មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។

13 លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលីស្ទីន។

14 ពេល​នោះ លោក​អេ‌ឡា‌សារ និង​ទាហាន​របស់​លោក ឈរ​នៅ​កណ្ដាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន‌ជាតិ​ភីលីស្ទីន ដណ្ដើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ‌ធេង។

15 ថ្ងៃ​មួយ នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។

16 ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។