22 លោកបេណាយ៉ា ជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអរាលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។
23 លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកំពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។
24 នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។
25 ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
26 វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេហិម
27 លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកពេឡូន
28 លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត