3 ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចហើយពួកគេបានចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្ដេចរបស់ប្រជារាស្ត្រអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាំយូអែល។
4 ព្រះបាទដាវីឌ និងកងទ័ពអ៊ីស្រាអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម គឺក្រុងយេប៊ូស។ ពីមុន ជនជាតិយេប៊ូសជាម្ចាស់ស្រុករស់នៅក្រុងនោះ។
5 អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។
6 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ព។
7 ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះបាទដាវីឌ»។
8 បន្ទាប់មក ស្ដេចពង្រីកទីក្រុង ចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀត នៅក្នុងទីក្រុង។
9 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។