8 កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។
9 ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។
10 ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬទេ?»។ ព្រះអម្ចា ស់មានព្រះបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។
11 ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។
12 កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។
13 ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។
14 ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។