១ របាក្សត្រ 15:24-29 KHSV

24 លោក​បូជា‌ចារ្យ​សេបា‌នា យ៉ូហូ‌សាផាត នេថា‌នេល អម៉ា‌សាយ សាកា‌រី បេណា‌យ៉ា និង​អេលា‌ស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ‌អេដុម និង​លោក​យេហ៊ី‌យ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។

25 បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់​ពី​ផ្ទះ​របស់​លោក​អូបេដ‌អេដុម​យ៉ាង​សប្បាយ​រីក‌រាយ។

26 ព្រះ‌ជាម្ចាស់​ជួយ​ការពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ‌ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។

27 ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។

28 ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ដោយ​សម្រែក​ជយ‌ឃោស​សំឡេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពង​ផង។

29 កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ហែ​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ស្ដេច​សូល បាន​អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​លោត​កព្ឆោង ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។