1 កាលដង្ហែហិបរបស់ព្រះជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្ដាលព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក រួចគេថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។
2 កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្ដេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់។
3 បន្ទាប់មក ព្រះរាជាប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
4 ព្រះបាទដាវីឌចាត់ក្រុមលេវីខ្លះឲ្យបម្រើការងារនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីរំឭក លើកតម្កើង និងច្រៀងសរសើរព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
5 គឺមានលោកអេសាភជាមេដឹកនាំ បន្ទាប់មក មានលោកសាការីជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដអេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអេសាភជាអ្នកវាយឈិង។
6 លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាសៀល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។
7 គឺថ្ងៃនោះហើយដែលព្រះបាទដាវីឌបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។