១ របាក្សត្រ 21:2-8 KHSV

2 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជា‌ជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជា‌ជន​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ‌សេបា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយ‌ការណ៍​ឲ្យ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជា‌ជន»។

3 លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​អម្ចាស់! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស»។

4 ប៉ុន្តែ ដោយ​ស្ដេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

5 លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​ចំនួន​ប្រជា‌ជន គឺ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា មាន​៤៧០ ០០០ នាក់។

6 លោក​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល​សម្ព័ន្ធ​លេវី និង​បេន‌យ៉ាមីន​ទេ ដ្បិត​លោក​មិន​ពេញ​ចិត្តនឹង​បញ្ជា​របស់​ស្ដេច​ទាល់​តែ​សោះ។

7 ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ហេតុ‌ការណ៍​នេះ​ទេ ព្រះ‌អង្គ​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល។

8 ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។