5 ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «សាឡូម៉ូន ជាបុត្ររបស់យើង នៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះដំណាក់ដែលសង់ថ្វាយព្រះអម្ចាស់ ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់បុត្ររបស់យើង»។ ព្រះបាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្ដេចសោយទិវង្គត។
6 ព្រះបាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែផ្ដាំឲ្យសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
7 ស្ដេចមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សម្រាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។
8 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។
9 អ្នកនឹងបង្កើតបុត្រមួយអង្គ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្ដល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ បុត្រនោះនឹងមានឈ្មោះថា សាឡូម៉ូន ដ្បិតក្រោមរាជ្យរបស់គេ យើងនឹងផ្ដល់ឲ្យអ៊ីស្រាអែលមានសន្តិភាព និងសុខសាន្តត្រាណ។
10 គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេរលើស្រុកអ៊ីស្រាអែល រហូតតទៅ!”។
11 ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។