8 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។
9 អ្នកនឹងបង្កើតបុត្រមួយអង្គ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្ដល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ បុត្រនោះនឹងមានឈ្មោះថា សាឡូម៉ូន ដ្បិតក្រោមរាជ្យរបស់គេ យើងនឹងផ្ដល់ឲ្យអ៊ីស្រាអែលមានសន្តិភាព និងសុខសាន្តត្រាណ។
10 គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេរលើស្រុកអ៊ីស្រាអែល រហូតតទៅ!”។
11 ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។
12 សូមព្រះអម្ចាស់ប្រោសប្រទានឲ្យបុត្រចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលព្រះអង្គប្រទានឲ្យបុត្រគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។
13 ប្រសិនបើបុត្រកាន់ ហើយប្រតិបត្តិតាមច្បាប់ វិន័យ និងបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ សម្រាប់ជនជាតិអ៊ីស្រាអែល នោះបុត្រនឹងបានចម្រុងចម្រើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
14 បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាប សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯលង្ហិន និងដែក មានច្រើនសន្ធឹកសន្ធាប់ ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។