23 ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលកើនចំនួនច្រើន ដូចផ្កាយនៅលើមេឃ។
24 លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចាប់ផ្ដើមជំរឿនប្រជាជន តែពុំបានបង្ហើយទេ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងអ៊ីស្រាអែល ព្រោះតែការនេះ។ ដូច្នេះ ចំនួនសរុបរបស់ប្រជាជន ពុំមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌឡើយ។
25 លោកអាសម៉ាវែត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជ្យទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអ៊ូស៊ីយ៉ា ជាអ្នកមើលខុសត្រូវ។
26 លោកអែសរី ជាកូនរបស់លោកកេលូប មើលខុសត្រូវលើពួកកសិករ ដែលធ្វើស្រែចម្ការថ្វាយស្ដេច។
27 លោកស៊ីម៉ាយ ជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចម្ការទំពាំងបាយជូររបស់ស្ដេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចម្ការ។
28 លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។
29 លោកស៊ីតរ៉ាយ ជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអ័ឌឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។