១ របាក្សត្រ 29:12-18 KHSV

12 ព្រះ‌អង្គ​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ហើយ​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។

13 បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ និង​កោត​សរសើរ​ព្រះ‌នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។

14 តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះ‌អង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះ‌អង្គ ក៏​ជា​របស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។

15 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ​ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

16 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក សង់​ព្រះ‌ដំណាក់​សម្រាប់​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌អង្គ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ។

17 ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ដឹង​ថា ព្រះ‌អង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ស្មោះ​ត្រង់។ ហេតុ​នេះ ទូលបង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌អង្គ ដោយ​ចិត្ត​ស្មោះ​ហើយ ទូលបង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះ‌អង្គ​ដែរ។

18 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អង្គ​ជា‌និច្ច​ផង។