១ របាក្សត្រ 29:2-8 KHSV

2 ខ្ញុំ​បាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិរស ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចំរុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។

3 មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ខ្លាំង​ណាស់

4 គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ‌ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។

5 ថ្ងៃ​នេះ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់?»។

6 ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត

7 ថ្វាយ​ជា​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។

8 អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ​ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។