6 ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្ដេច នាំគ្នាស្ម័គ្រចិត្ត
7 ថ្វាយជាតង្វាយសម្រាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
8 អស់អ្នកដែលមានត្បូងពេជ្រក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។
9 ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត ហើយព្រះបាទដាវីឌក៏មានព្រះហឫទ័យរីករាយជាខ្លាំងដែរ។
10 ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
11 ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។
12 ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះចេស្ដា និងឫទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គអាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។