១ សាំយូ‌អែល 10:11-17 KHSV

11 អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​សូល ឃើញ​លោក​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ជា​មួយ​ពួក​ព្យាការី គេ​ក៏​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​មាន​កើត​អ្វី​ចំពោះ​កូន​ប្រុស​លោក​គីស? សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។

12 មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​គ្រូ​បាធ្យាយ របស់​ពួក​នេះ​នៅ​ឯ​ណា?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។

13 កាល​លោក​សូល​ដឹង​ស្មារតី​ឡើង​វិញ លោក​អញ្ជើញ​ទៅ​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់។

14 ឪពុក​មា​របស់​លោក​សូល​សួរ​លោក និង​អ្នក​បម្រើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​លោក​សាំយូ‌អែល»។

15 ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។

16 លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «លោក​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​រាជ‌សម្បត្តិ ដែល​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នោះ​ឡើយ។

17 លោក​សាំយូ‌អែល​បាន​កោះ​ហៅ​ប្រជា‌ជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា។