១ សាំយូ‌អែល 10:15-21 KHSV

15 ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។

16 លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «លោក​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​រាជ‌សម្បត្តិ ដែល​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នោះ​ឡើយ។

17 លោក​សាំយូ‌អែល​បាន​កោះ​ហៅ​ប្រជា‌ជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា។

18 លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “អ៊ីស្រា‌អែល​អើយ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ពី​កណ្ដាប់​ដៃ​របស់​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា”។

19 ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូល​ព្រះ‌អង្គ​ថា “សូម​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ តាម​អំបូរ​ឥឡូវ​នេះ​ចុះ»។

20 លោក​សាំយូ‌អែល​ប្រាប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

21 បន្ទាប់​មក លោក​ឲ្យ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​លោក តែ​រក​ពុំ​ឃើញ​ទេ។