១ សាំយូ‌អែល 10:21-27 KHSV

21 បន្ទាប់​មក លោក​ឲ្យ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​លោក តែ​រក​ពុំ​ឃើញ​ទេ។

22 គេ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នុ៎ះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​ឥវ៉ាន់»។

23 គេ​រត់​ទៅ​រក​លោក នាំ​លោក​ចេញ​ពី​ទី​នោះ​មក លោក​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន។ លោក​មាន​កំពស់​ខ្ពស់​ជាង​គេ គឺ​ប្រជា‌ជន​ទាំង​អស់​បាន​ត្រឹម​តែ​ស្មា​របស់​លោក​ប៉ុណ្ណោះ។

24 លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជយ‌ឃោស​ឡើង​ថា៖ «ជយោ! ព្រះ‌មហា‌ក្សត្រ!»។

25 លោក​សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​រៀងៗ​ខ្លួន​វិញ។

26 ព្រះ‌បាទ​សូល​យាង​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបៀរ​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់‌អាច​មួយ​ក្រុម ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។

27 ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើល‌ងាយ​ព្រះ‌បាទ​សូល ហើយ​មិន​បាន​នាំ​យក​តង្វាយ​អ្វី​មក​ថ្វាយ​ស្ដេច​ទេ តែ​ស្ដេច​មិន​រវី‌រវល់​នឹង​គេ​ឡើយ។