1 ព្រះបាទណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ទូលព្រះបាទណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើព្រះរាជាហើយ»។
2 ព្រះបាទណាហាស ជាជនជាតិអាំម៉ូន មានរាជឱង្ការថា៖ «យើងចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងលក្ខខណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្ដាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលត្រូវអាម៉ាស់»។
3 អស់លោកព្រឹទ្ធាចារ្យនៅក្រុងយ៉ាបេសទូលអង្វរថា៖ «សូមព្រះករុណាពន្យារពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃសិន យើងខ្ញុំនឹងចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែល។ បើសិនជាគ្មាននរណាម្នាក់មកជួយយើងខ្ញុំទេនោះ យើងខ្ញុំនឹងប្រគល់ខ្លួនថ្វាយព្រះករុណា»។
4 អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលព្រះបាទសូលគង់នៅ ហើយរៀបរាប់សេចក្ដីទាំងនោះឲ្យប្រជាជនស្ដាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។
5 គាប់ជួនពេលនោះ ព្រះបាទសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្ដេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្ដីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។
6 កាលស្ដេចឮពាក្យទាំងនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចខ្ញាល់យ៉ាងខ្លាំង។
7 ព្រះបាទសូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រាអែល តាមរយៈពួកអ្នកនាំសារ ដោយផ្ដាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសូល និងលោកសាំយូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ ព្រះអម្ចាស់បណ្ដាលឲ្យប្រជាជនភ័យខ្លាចព្រះអង្គ ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។