7 ព្រះបាទសូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រាអែល តាមរយៈពួកអ្នកនាំសារ ដោយផ្ដាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសូល និងលោកសាំយូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ ព្រះអម្ចាស់បណ្ដាលឲ្យប្រជាជនភ័យខ្លាចព្រះអង្គ ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។
8 ព្រះបាទសូលត្រួតពលនៅក្រុងបេសេក ហើយឃើញទ័ពអ៊ីស្រាអែលទាំងអស់មានចំនួន៣០០ ០០០នាក់ និងទ័ពយូដាមានចំនួន៣០ ០០០នាក់។
9 គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែក ពេលថ្ងៃរះពេញកម្ដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។
10 អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែក យើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកលោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកលោកយល់ឃើញចុះ»។
11 ស្អែកឡើង ព្រះបាទសូលរៀបចំទ័ពជាបីកង រួចសម្រុកចូលទីតាំងទ័ពពួកអាំម៉ូន តាំងពីព្រលឹមស្រាងៗ ហើយវាយប្រហារខ្មាំងរហូតដល់ថ្ងៃពេញកម្ដៅ។ រីឯខ្មាំងដែលនៅសេសសល់ រត់ខ្ចាត់ខ្ចាយបែកគ្នាអស់។
12 ពេលនោះ ប្រជាជនអ៊ីស្រាអែលជម្រាបលោកសាំយូអែលថា៖ «បើនរណាហ៊ានពោលថា ព្រះបាទសូលមិនត្រូវសោយរាជ្យលើពួកយើងទេនោះ សូមប្រគល់ពួកគេមក យើងខ្ញុំនឹងយកទៅសម្លាប់ចោល»។
13 ប៉ុន្តែ ព្រះបាទសូលមានរាជឱង្ការថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលព្រះអម្ចាស់សង្គ្រោះជនជាតិអ៊ីស្រាអែល»។