9 គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែក ពេលថ្ងៃរះពេញកម្ដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។
10 អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែក យើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកលោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកលោកយល់ឃើញចុះ»។
11 ស្អែកឡើង ព្រះបាទសូលរៀបចំទ័ពជាបីកង រួចសម្រុកចូលទីតាំងទ័ពពួកអាំម៉ូន តាំងពីព្រលឹមស្រាងៗ ហើយវាយប្រហារខ្មាំងរហូតដល់ថ្ងៃពេញកម្ដៅ។ រីឯខ្មាំងដែលនៅសេសសល់ រត់ខ្ចាត់ខ្ចាយបែកគ្នាអស់។
12 ពេលនោះ ប្រជាជនអ៊ីស្រាអែលជម្រាបលោកសាំយូអែលថា៖ «បើនរណាហ៊ានពោលថា ព្រះបាទសូលមិនត្រូវសោយរាជ្យលើពួកយើងទេនោះ សូមប្រគល់ពួកគេមក យើងខ្ញុំនឹងយកទៅសម្លាប់ចោល»។
13 ប៉ុន្តែ ព្រះបាទសូលមានរាជឱង្ការថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលព្រះអម្ចាស់សង្គ្រោះជនជាតិអ៊ីស្រាអែល»។
14 លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្ដេចសាជាថ្មី»។
15 ប្រជាជនទាំងមូលនាំគ្នាទៅគីលកាល់ នៅទីនោះ គេបានអភិសេកព្រះបាទសូល ជាព្រះមហាក្សត្រ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចថ្វាយយញ្ញបូជាមេត្រីភាពចំពោះព្រះអម្ចាស់។ ព្រះបាទសូល និងប្រជាជនអ៊ីស្រាអែលទាំងអស់ នាំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។