១ សាំយូ‌អែល 19:18-24 KHSV

18 ពេល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​លោក​សាំយូ‌អែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។ បន្ទាប់​មក លោក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ ឈ្មោះ​ណា‌យ៉ូត។

19 មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ទៅ​នៅ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា។

20 ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ព្យាការី​ដែល​មាន​លោក​សាំយូ‌អែល​ជា​អ្នក​នាំ​មុខ កំពុង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​លើ​ទាហាន​ទាំង​នោះ ធ្វើ​ឲ្យ​ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។

21 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សូល ស្ដេច​ក៏​ចាត់​ទាហាន​មួយ​ក្រុម​ទៀត​ឲ្យ​ទៅ ប៉ុន្តែ ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ព្រះ‌បាទ​សូល​ចាត់​ក្រុម​ទី​បី​ឲ្យ​ទៅ តែ​ពួក​នេះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ដូច​ពួក​មុនៗ។

22 ដូច្នេះ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូវ ស្ដេច​សួរ​គេ​ថា៖ «តើ​លោក​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា?»។ គេ​ទូល​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា»។

23 ស្ដេច​ក៏​យាង​ទៅ​ទី​នោះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​យាង​រហូត​ដល់​ណា‌យ៉ូត នៅ​ភូមិ​រ៉ាម៉ា ទាំង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។

24 ស្ដេច​ដោះ​ព្រះ‌ភូសា​ចេញ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាំយូ‌អែល។ ស្ដេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះ‌បាទ​សូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។